គតិបណ្ឌិត

1-  ទោះជាមានគម្ពីរធម៌បរិសុទ្ធក៏នៅមានអ្នករៀនធម៌ខុស
     ទោះមានអុសគ្រប់គ្រាន់ក៏នៅមានអ្នកដាំបាយឆៅ ។

    2-  អ្នកដឹកនាំគួរឱ្យគោរពបុផុតសូមធ្វើខ្លួនឱ្យដូចជាប្រធានក្រុមនាវា ឬយន្តហោះ ។

      3-  ដុំរទេះ (ភ្លៅ) ឬក្រឡេ មិនអាចទៅតែឯងទេ
            ប៉ុន្តែរួមជាមួយអ្នកដទៃវាអាចធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ
            ហើយអាចចាប់ផ្តើមបន្តដំណើរទៀតដោយគ្មាននឿយហត់ ។

      4- សត្វស្វាពេលវាជាប់ក្នុងទ្រង់មិនខុសអីពីសត្វជ្រូកទេ នោះមិនមែនថាស្វាមិនឆ្លាត
           ឬមិនរហ័សរហួនទេ តែដោយសារវាគ្មានទីកន្លែងលោតបញ្ចេញសមត្ថភាពរបស់វា ។

      5- សង្គមអាចមានគ្រោះថ្នាក់ ប្រសិនបើ ៖
      • អ្នកទទួលឯកសិទ្ធច្រើន តែខ្វះគុណធម៌
      • អ្នកទទួលឋានៈខ្ពស់ តែខ្វះសមត្ថភាព
      • អ្នកទទួលប្រាក់ខែច្រើនតែគ្មានដែលចេះសម្រេចស្នាដៃអ្វ ។

      6- ឈ្នះជម្លោះមួយគឺបាត់មិត្តម្នាក់ តែចំនេញបានថែមសត្រូវម្នាក់ ។

      7- ជោគជ័យនឹងកើតមានឡើងពេលឱកាស និងការរៀបចំបានជួបគ្នា ។

      8- មិនមែនអោយតែគ្រងស្បង់ចីវរសុទ្ធតែព្រះសង្ឃទេ។

      9- មិនមែនអ្នកចេះសូត្រធម៌ស្ទាត់សុទ្ធតែមនុស្សល្អទេ ។

      10- បើដឹងថាជីវិតអាពាហ៍ពិពាហ៍ពិបាកចុះហេតុអីចង់រៀបការ ។

      11- បើដឹងថាការឈ្លោះប្រកែកគ្នាក្នុងគ្រួសារអាចឈានដល់ការបែកបាក់
             ចុះហេតុអីមិនព្យាយាមកាត់បន្ថយជម្លោះ ហើយបន្ថែមភាពផ្អែមល្ហែម ។

      12- អ្នកជោគជ័យនឹងស្នេហា គឺអ្នកដែលបានស្វែងយល់ដឹងច្បាស់ និងស្គាល់ធាតុពិតនៃស្នេហា ។

      14- សំដីរិះគន់របស់មិត្ត ច្រើនជាសំដីប្រកបដោយភក្តីភាព ឯសំដីសរសើររបស់សត្រូវ ច្រើនបង្កប់
             កល់ល្បិច ។

      15- លុយជាសុបិនអាក្រក់ ប្រសិនបើអ្នកផ្តេកផ្តួលលើលុយជាសំខាន់ជាងអ្វីៗ នោះមានន័យថាអ្នក
             កំពុងអោបជាប់សុបិនជាប្រចាំ ។

      16- មានលុយអាចទិញនាឡិការថ្លៃៗបាន តែមិនអាចទិញពេលវេលាបានទេ ។ 
             មានលុយអាចទិញសៀវភៅគ្រប់ប្រភេទ តែមិនអាចទិញចំណេះបានទេ។ 

      17- មានលុយអាចទិញគ្រែតម្លៃរាប់សែនតែមិនអាចទិញការដេកលក់បានទេ
             ប្រសិនបើអ្នកដេកមិនលក់។ 

      18- មានលុយអាចទៅជួបវេជ្ជបណ្ឌិតល្បីៗ និងទៅមន្ទីរពេទ្យថ្លៃៗ តែមិនអាចទិញកុំអោយ
             ខ្លួនឈឺទេ 

      19- មានលុយអាចទិញផ្ទះវីឡាថ្លៃៗ តែមិនអាចទិញសេចក្តីសុខសាន្តក្នុងគ្រួសារបានឡើយ។  

      20- មានលុយអាចទិញការសប្បាយផ្លូវភេទតាមចំណង់ តែមិនអាចទិញសេចក្តីស្រឡាញ់  
             បរិសុទ្ធបានទេ។ 

      21- មានលុយអាចទិញឈាមបញ្ចូលបាន តែមិនអាចទិញជីវិតកុំអោយស្លាប់បានទេ។ 

      22- មានលុយអាចទិញវ៉ែនតាថ្លៃៗគ្រប់ប្រភេទ តែមិនអាចទិញភ្នែកខ្វាក់អោយភ្លឺវិញបានទេ។ 

      23- មានលុយអាចជួយមនុស្សវ័យក្មេងមកប្រើ តែមិនអាចទិញមនុស្សកុំអោយចាស់ទេ។ 

      24- លុយមិនមែនជាមិត្តសំឡាញ់យើងគ្រប់ពេល ហើយក៏មិនមែនជាសត្រូវរៀងរហូតដែរ។

      25- ទំនិញល្អមិនប្រាកដថាថ្លៃ ទំនិញថ្លៃមិនប្រាកដថាល្អ ។

      26- អ្នកសរសើរទំនិញមិនប្រាកដជាអ្នកទិញ ។

      27- អ្នកចេញដំណើរមុន មិនប្រាកដថាដល់គោលដៅមុន ។